Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក នៅសាលាខេត្តកណ្តាល គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើបទបង្ហាញជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាក្រុមប្រឹក្សាភិបាល និងគណៈអភិបាល ខេត្ត ក្រុង ស្រុក ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត នាយកសាលាគរុកោសល្យនិងវិក្រឹត្យការខេត្ត រួមនឹងសមាសភាពពាក់ព័ន្ធ សរុបចំនួនជាង ២០០រូប។ ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញបានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី “គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា”។ ក្នុងដំណើរការអនុវត្តជាក់ស្តែង ការបន្សាំបន្ស៊ីគ្នា នៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួលនិងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។ ទាក់ទងនឹងការបន្សាំបន្ស៊ីគ្នារវាងគុណតម្លៃទាំងពីរ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់ថា “ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលវិជ្ជមាន (ភាពសុខដុមរមនាក្នុងសង្គម) ” ដោយឯកឧត្តមប្រធានក៏បានលើកឡើងអំពីពិសោធន៍នៃការធ្វើទំនើបកម្មរបស់បណ្តាប្រទេសមិនទាន់រីកចម្រើន ពិសេសប្រទេសនៅអាស៊ី ដែល ទទួលយក និងអនុវត្តតាមគំរូនយោបាយអភិវឌ្ឍរបស់បស្ចិមប្រទេស ជាការសង្កេតទូទៅ ប្រទេសទាំងនោះ តែងមានការបម្រុងទុកមួយ គឺ “ ទទួលយកនយោបាយទំនើប តែមិនឱ្យបាត់ប្រពៃណីទំនៀមទម្លាប់បុរាណ ” ដែលជាព្រលឹងជាតិរបស់គេ។ ប្រទេសទាំងនោះ មាន ជំហរដូចនេះ អាស្រ័យដោយប្រទេសទាំងនោះមានអារ្យធម៌បុរាណ ដែលជា មោទនភាពជាតិ។ ដូច្នេះផ្អែកលើបទពិសោធន៍នេះ សម្រាប់ករណីនៃប្រទេសកម្ពុជា ការពង្រឹងអត្តសញ្ញាណជាតិ មានកត្តាធំៗចំនួន០៣៖ កត្តាមោទនភាពជាតិ, កត្តាសុខដុមនីយកម្មសង្គម, និងកត្តាឥទ្ធិពលនៃជំនឿផ្សេងៗ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ។ ក្នុងដំណើរការអនុវត្តរដ្ឋធម្មនុញ្ញនេះ ពិសេសក្រោយប្រទេសជាតិសម្រេចបានសុខសន្តិភាព ឯកភាពជាតិពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញនិងដឹកនាំអនុវត្តផ្ទាល់ដោយសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅចុងឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជាមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់ ដើម្បីបន្តប្រតិបត្តិរដ្ឋធម្មនុញ្ញនេះ ជាអាទិ៍ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, សិទ្ធិមនុស្ស, នីតិរដ្ឋ, និង សេដ្ឋកិច្ចទីផ្សារ។ ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល៣០ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ដែលរួមមាន ៖ ១- កម្ពុជារក្សាការពារ និងគោរពលើកតម្កើង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ ការបង្កើតឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ ដែលមានអង្គព្រះមហា ក្សត្រគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ជាតិ និង ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ២- លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា៖ របបប្រជាធិបតេយ្យសេរីពហុបក្សកម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗ។ ៣-កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់៖ កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ៤-កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ជារដ្ឋគោរពការពាររបបកម្មសិទ្ធិឯកជន និងយុត្តិធម៌សង្គម៖ ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ រដ្ឋយកចិត្តទុកដាក់ដល់ផលប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច។ គួរបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តទី១ ដែលគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ បានចុះផ្សព្វផ្សាយសម្រាប់កម្មវិធីឆ្នាំ២០២៤ នេះ។ ជាបន្តបន្ទាប់ទៀត គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តចុះផ្សព្វផ្សាយនៅគ្រប់បណ្តាខេត្តទាំង២៤ និងស្ថាប័ននានានៅរាជធានីភ្នំពេញ។
01 សីហា 2024











Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top